នួន ជា (កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦)

នួន ជា (ស្តាំ) ជាមួយនឹងកម្មាភិបាលខ្មែរក្រហមឯទៀត។ ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

នួន ជា កើតនៅក្នុងខេត្តបាត់ដំបង។ នួន ជា បានសិក្សានៅប្រទេសថៃ និងបានក្លាយជាសមាជិកបក្សកុម្មុនិស្ដថៃ។ នៅឆ្នាំ១៩៦០ នួន ជា ត្រូវបានជ្រើសរើសជាអគ្គលេខាធិការរងនៃបក្សកុម្មុយនិស្ដកម្ពុជា។ ក្នុងនាមជាមេមនោគមវិជ្ជានៃរបបខ្មែរក្រហម នួន ជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគំនិត​នយោ- បាយ​ថ្មីៗជាច្រើន។ នួន ជា ត្រូវបានចោទប្រកាន់ថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនផ្សេងទៀតដែលនៅពីក្រោយការជម្លៀសប្រជាជននៅទីក្រុង ដើម្បីបញ្ជូនឲ្យទៅធ្វើការងារជាទម្ងន់ និងបង្អត់អាហារ​ និងបានប្រើអំពើហិង្សាជាប្រព័ន្ធចំពោះសត្រូវរបស់ខ្លួន។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នួន​ ជា ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាត់ទោសឲ្យជាប់គុកអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក៏សំណុំរឿងរបស់នួន ជា ត្រូវបានប្ដឹងឧទ្ធរណ៍។ នួន ជា​ក៏ត្រូវប្រឈមមុខនឹងការកាត់ទោសដោយឡែកមួយទៀតនោះពីអំពើប្រល័យពូជសាសន៍។

នួន ជា នៅក្នុងតុលាការខ្មែរក្រហម។ រូបថត៖ ម៉ាក ផេទធ័រ។ ប្រភព៖ អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា

ប្រជាជនចាស់​ ឬប្រជាជនមូលដ្ឋាន

ប្រជាជនចាស់ ឬ ប្រជាជនមូលដ្ឋាន រស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហម នៅមុនខែមេសា ឆ្នាំ១៩៧៥។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាពាក្យដែលខ្មែរក្រហមប្រើសម្រាប់សំដៅលើប្រជាជនដែលរស់នៅក្នុងតំបន់រំដោះដាច់ស្រយាលក្នុងប្រទេស មុនថ្ងៃរំដោះទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប្រជាជនចាស់ ឬ ប្រជាជនមូលដ្ឋាន បានទទួលការជឿទុកចិត្តពីសំណាក់ខ្មែរក្រហម ជាង“ប្រជាជនថ្មី” ​ដោយសារតែអ្នកទាំងនោះមិនចេះអក្សរ និងរស់នៅក្នុងតំបន់ដាច់ស្រយាល ហើយមិន“ញុំាញី” ដោយជីវិតក្នុងទីក្រុង ឬុឥទ្ធិពលពីបរទេស។

(សម្រាប់ព័ណ៌មានបន្ថែមសូមអាន សៀវប្រវត្តិកម្ពុជាប្រជាធិបតេយ្យជំពូក៧)

សាធារណរដ្ឋប្រជាមានិតកម្ពុជា

ហេង​ សំរិន កំពុងនិយាយទៅកាន់កងទ័ពនៅដើមទសវត្សន៍ឆ្នាំ១៩៨០។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

រដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម​ក្នុងប្រទេសកម្ពុជាឈ្មោះ “សាធារណរដ្ឋប្រជាមានិតកម្ពុជា”បានកើតចេញពីការផ្ដួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ និងបន្តគ្រប់គ្រងប្រទេសរហូតដល់ឆ្នាំ១៩៨៩។ រដ្ឋាភិបាលនេះ ពិតជាបានចាប់ផ្ដើមកសាងជីវិតសាសនា និងវប្បធម៌កម្ពុជាឡើងវិញ។ សមមិត្ត ហេង​ សំរិន ត្រូវបានតែងតាំងជាប្រធានរដ្ឋ។ នៅខែមេសា ឆ្នាំ១៩៨៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានប្ដូរឈ្មោះទៅជា “រដ្ឋកម្ពុជា”។ គណ​បក្សប្រជាជនបដិវត្តន៍កម្ពុជា គឺជាគណបក្សកាន់អំណាចតែមួយគត់ ដែលកើតចេញពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងឆ្នាំ១៩៧៩ ហើយបន្តមកដល់រដ្ឋាភិបាលរដ្ឋកម្ពុជា។ក្រោយមក គណបក្សនេះត្រូវបានប្ដូរឈ្មោះទៅជាគណបក្សប្រជាជនកម្ពុជា។

ទង់ជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា(រូបភាព៖ កម្មសិទ្ធសាធារណៈ)

តុលាការប្រជាជនបដិវត្តន៍

ចម្លើយកសិណសាក្សីនៅក្នុងតុលាករប្រជាជនបដិវត្តន៍កម្ពុជា ក្នុងឆ្នាំ១៩៧៩។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាតុលាការ ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារួមជាមួយវៀតណាម បានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីព្យាយាមនាំយកមេដឹកនាំខ្មែរក្រហមដូចជា ប៉ុល ពត និង អៀង សារី មកកាត់ទោសកំបាំងមុខពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ការកាត់ទោសកំបាំងមុខនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្របចតុមុខនាទីក្រុងភ្នំពេញ ហើយការផ្ដល់សក្ខីកម្មត្រូវបានធ្វើឡើងរយៈពេល៥ថ្ងៃ។ សាលក្រមចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ បានចោទប្រកាន់មេដឹកនាំខ្មែរក្រហមពីររូបពីបទបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ដោយបានកាត់ទោសប្រហារជីវិតនិងបញ្ជាឲ្យរឹបអូសយកទ្រព្យសម្បត្តិ​ទាំងអស់ដែលមាន។ ប្រទេស លោកខាងលិចជាច្រើន បានច្រានចោលសាលក្រមនេះ និងចាត់ទុកថារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាអាយ៉ងរបស់វៀតណាម ហើយសាលាក្ដីនេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។

ប៉ុល ពត (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ ដល់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨)

ប៉ុល ពត​ កំពុងនិយាយទៅកាន់គណៈប្រតិភូបរទេសនៅភ្នំពេញ ក្នុងរបបខ្មែរក្រហម។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាមេដឹកនាំខ្មែរក្រហម និងជាឧក្រិដ្ឋជនម្នាក់ក្នុងចំណោមឧក្រិដ្ឋជនសង្រ្គាមកំពូលក្នុងសតវត្សទី២០។ ប៉ុល ពត (សាឡុត ស) កើតនៅក្នុងភូមិនេសាទមួយក្នុងខេត្តកំពង់ធំ។ ប៉ុល ពត បានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៣៤។ ប៉ុល ពត បានចំណាយពេល១ឆ្នាំស្នាក់នៅក្នុងវត្ត មុនពេលគាត់ចូលរៀននៅសាលាបឋមសិក្សាកាតូលិកបារាំងមួយ។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាងផ្នែកបច្ចេកវិទ្យាកម្មវិធីវិទ្យុហើយក្លាយទៅជាសកម្មជនក្នុងចលនាកុម្មុយនិស្ដ។

បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញប៉ុលពតបានចាប់ផ្ដើមធ្វើបដិវត្តក្នុងពេលដែលខ្លួនជាគ្រូបង្រៀននៅសាលាឯកជនមួយ និងក្លាយខ្លួនជាសមាជិកបក្សដ៏សំខាន់និងមានឥទ្ធិពលម្នាក់នៅក្នុងបក្សកុម្មុយនិស្ដ។ នៅឆ្នាំ១៩៦៣ ប៉ុល ពត​ និងមេដឹកនាំបក្សកុម្មុនិស្ដផ្សេងទៀតបានផ្លាស់ទៅកាន់តំបន់ដាច់ស្រយាលមួយ និងបានកសាងកម្លាំងទ័ពព្រៃ ហើយចាប់ផ្ដើមងើបបះបោរទូទាំងប្រទេសនៅឆ្នាំ១៩៦៨។បដិវត្តខ្មែរក្រហមទទួលបានការទាក់ទាញខ្លាំងឡើងៗ រហូតដល់បាន​រំដោះ​ទី​ក្រុង​ភ្នំពេញនៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។ ចាប់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩ ប៉ុល ​ពត គឺ​ជានាយករដ្ឋ​មន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបានកាន់កាប់អំណាចផ្ដាច់ការ។

នៅឆ្នាំ១៩៧៩ ប៉ុល​ ពត បានរត់ភៀសខ្លួនទៅកាន់ព្រំដែនខ្មែរ-ថៃ នៅពេលដែលកងទ័ពវៀតណាមវាយរំដោះប្រទេសកម្ពុជា។ ប៉ុល ពត បានបន្តយុទ្ធនាការកសាងកម្លាំងទ័ពរបស់ខ្លួននៅក្នុងព្រៃ ប៉ុន្តែកម្លាំងខ្មែរក្រហម មិនអាចឡើងគ្រប់គ្រងអំណាចវិញបានឡើយ។ នៅឆ្នាំ១៩៨៥ ប៉ុល ពត បានលាលែងពីតំណែងបក្សជាផ្លូវការ ប៉ុន្តែនៅតែគ្រប់គ្រងអំណាចដដែល។ នៅឆ្នាំ១៩៩៧ ក្រុមបំបែកខ្លួនខ្មែរក្រហមបានចាប់និងឃុំខ្លួន ប៉ុល​ ពត នៅក្នុងផ្ទះ។ នៅថ្ងៃទី១៥ ខែ​មេសា​ ឆ្នាំ១៩៩៨ ប៉ុល ពត បានស្លាប់ដោយជម្ងឺបេះដូងក្នុងអាយុ៧៣ឆ្នាំ។ ប៉ុល ពត មិនដែលសម្ដែងឲ្យឃើញពីការសោកស្ដាយរបស់ខ្លួនឡើយ គឺបានត្រឹមតែនិយាយថា“ចលនារបស់យើងបានធ្វើឲ្យមានកំហុស”។ ប៉ុល ពត បានបញ្ជាក់ថាការសម្លាប់ទាំងអស់គឺដើម្បីជួយសង្រ្គោះប្រទេសកម្ពុជាពីសត្រូវវៀតណាម ហើយក៏បានលើកឡើងថា ចំនួនអ្នកស្លាប់ត្រូវបានបំផ្លើស។

ប៉ុល ពត និងកូនស្រី ក្នុងទសវត្សន៍១៩៨០។
រូបថត៖ ភែតធ័រ ម៉ាកឃ្វាអ៊ើរ។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(សម្រាប់ព័ត៌មានបន្ថែមសូមអាន “ប៉ុលពត៖ Anatomy of a nightmare”និពន្ធដោយហ្វីលីប សត នៅឆ្នាំ២០០៦)

ការបោសសម្អាត ឬ បន្សុទ្ធកម្ម

ខ្មែរក្រហមបានធ្វើទារុណកម្មលើឪពុកម្តាយរបស់ ញ៉ ស្រីលក្ខណ៍ និងបានធ្វើឲ្យពួកគាត់ហូបលាមកមនុស្សនិងសត្វ។ ស្រីលក្ខណ៍ បាននិយាយថា នាងមិនដែលគិតថារឿងនេះវានឹងអាចកើតឡើងឡើយ។
រូបថត៖ ម៉ម កល្យាណី។​ ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅក្នុងរបបខ្មែរក្រហម ការដឹកនាំកាន់តែមានក្ខណៈសាហាវទៅៗ តាមរយៈការបោសសម្អាត “ខ្មាំង សត្រូវ” ដែលរួមមានសត្រូវខាងក្នុង និងសត្រូវខាងក្រៅ។ នៅពេលផែនការមិនបានសម្រេច ខ្មែរក្រហមតែងតែទម្លាក់រាល់បញ្ហាទាំងអស់ទៅលើ “ជនក្បត់” ឬ “ចារកម្ម” ហើយមិនដែលទម្លាក់កំហុសណាមួយទៅលើនយោបាយរបស់ខ្លួនឡើយ។ ប៉ុល ពត កាន់តែលែងមានការទុកចិត្ត និងបានចាប់ផ្ដើមបញ្ជាឲ្យបោសសម្អាតអ្នកដែលត្រូវបានចាត់ទុកថាក្បត់នឹងអង្គការ។ សកម្មជនបក្ស និងក្រុមគ្រួសាររាប់ពាន់នាក់ ត្រូវបានចាប់បញ្ជូនទៅដាក់គុកទួលស្លែង ហើយក្រោយមកត្រូវបានសម្លាប់។ កម្មាភិបាលខ្មែរក្រហមជាច្រើននាក់បានរត់គេចខ្លួនទៅប្រទេសវៀតណាម ព្រោះភ័យខ្លាចចំពោះការតាមចាប់ខ្លួន។

(សម្រាប់ព័ត៌មានបន្ថែម សូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ជំពូក៧)

ពាក្យស្លោក

ទស្សនាវដ្តីខ្មែរក្រហម “ទង់បដិវត្ត” ពីឆ្នាំ១៩៧៨។ ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

មនោគមវិជ្ជាខ្មែរក្រហម ត្រូវបានបង្ហាញតាមរយៈពាក្យសម្ដីផ្ទាល់មាត់ ឬពាក្យស្លោកដែលមានចងក្រងជាឯកសារមួយចំនួន។ ពាក្យស្លោកជាច្រើនត្រូវបានបង្ហាញពីជីវិតរស់នៅក្រោមរបបខ្មែរក្រហម។ ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗដែលបញ្ជាក់ពីជីវិតក្រោមរបបខ្មែរក្រហម៖
– ទុកក៏មិនចំណេញដកចេញក៏មិនខាត។
– សុខចិត្តសម្លាប់មនុស្សល្អដោយយល់ច្រឡំប្រសើរជាងដោះលែងសត្រូវដោយខុស (សុខចិត្តសម្លាប់ខុស១០០ ក៏មិនឲ្យសត្រូវរួចជីវិតម្នាក់)។
– វិចារណញ្ញាណទាំង៤គឺ៖ មិនដឹង មិនឮ មិនឃើញ មិននិយាយ។
– អង្គការជាឪពុកម្ដាយរបស់កុមារទាំងអស់ រួមទាំងក្មេងជំទង់ៗផង។
– សេចក្ដីស្រឡាញ់ចំពោះអង្គការ ត្រូវតែគ្មានដែនកំណត់។
– បដិវត្តន៍បញ្ចេញពន្លឺយ៉ាងត្រចេះត្រចង់ជាមួយនឹងភាពសប្បាយរីករាយនៅក្នុងសង្គមជាតិ ហើយយើងទាំងអស់គ្នាពាក់ស្បែកជើងផលិតចេញពីកង់ឡាន។

(សម្រាប់ព័ត៌មានបន្ថែម សូមអាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ)

រដ្ឋាភិបាលចម្រុះត្រីភាគី

ជនភៀសខ្លួនកម្ពុជានៅប្រទេសថៃ ក្នុងទសវត្សន៍ឆ្នាំ១៩៨០។ រូបថត៖ ជេក ដុនហ្វត។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៨២ ខ្មែរក្រហមបានបង្កើតសម្ព័ន្ធភាពជាមួយសម្តេចព្រះ នរោត្តម សីហនុ ដែលបានរស់នៅនិរទេសខ្លួនក្នុងប្រទេសចិន។ ព្រះអង្គត្រូវបានតែងតាំងជាប្រធាននៃ “រដ្ឋាភិបាលចម្រុះត្រីភាគី” ដែល ជារដ្ឋាភិបាលនិរទេសមួយ។ សមាសភាពសំខាន់ៗក្នុងរដ្ឋាភិបាលនេះមាន៖ ១) ក្រុមរាជានិយម “រណសិរ្ស រួបរួមជាតិដើម្បីឯករាជ្យ អព្យាក្រឹត សន្ដិភាព និងកិច្ចសហប្រតិបត្តិការ (ហ៊្វុនស៊ិនប៉ិច)។ ២) រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ គ្រប់គ្រងដោយសម្តេច សឺន សាន និង ៣) រណសិរ្សខ្មែរក្រហម។ គោលបំណងនៃការបង្កើតរដ្ឋាភិបាលចម្រុះនេះ គឺដើម្បីរំដោះប្រទេសកម្ពុជាចេញពីការឈ្លានពានរបស់វៀតណាម។

គុកទួលស្លែង (មន្ទីស-២១)

បន្ទប់សួរចម្លើយ និងបន្ទប់ឃុំឃាំងនៅមន្ទីរ ស-២១។​ បន្ទប់នេះ ត្រូវបានប្រើប្រាស់សម្រាប់ឃុំឃាំងអ្នកទោសជា
កម្មាភិបាលជាន់ខ្ពស់ ឬសំខាន់ៗ របស់ខ្មែរក្រហម។ ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

អតីតវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ត្រូវបានប្រែក្លាយជាមន្ទីរឃុំឃាំង ដែលគ្រប់គ្រងដោយ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ចាប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ មានអ្នកទោសប្រមាណ១ម៉ឺន៧ពាន់នាក់ត្រូវបានចាប់ខ្លួន និងឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខនេះ។ អ្នកទោសទាំងនោះ ត្រូវបានធ្វើទារុណកម្ម និងបង្ខំឲ្យរាយការណ៍ពីឈ្មោះសមាជិកក្រុមគ្រួសារ និងអ្នកជិតសិ្នតរបស់ខ្លួន ហើយក្រោយមកអ្នកទាំងនោះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ មុនដំបូង មន្ទីរសន្តិសុខនេះមានឃុំឃាំងអ្នកទោសភាគច្រើនជាអតីតមន្រ្តីរដ្ឋការក្នុងរបបលន់ នល់ ដូចជាទាហាន មន្រ្តីរដ្ឋាភិបាល បណ្ឌិតសភា វេជ្ជបណ្ឌិត គ្រូពេទ្យ និង គ្រូបង្រៀនជាដើម។ ក្រោយមកក្នុងពេលខ្មែរក្រហមធ្វើបន្សុទ្ធកម្ម(ការបោសសម្អាត) ទៅលើកម្មាភិបាលរបស់ខ្លួន មន្ទីរសន្តិសុខនេះ មានឃុំឃាំងអ្នកទោសដែលជាសមាជិកបក្សរបស់ខ្មែរក្រហម ព្រមទាំងក្រុមគ្រួសារផង។ អ្នកទោសត្រូវបានវាយធ្វើបាប ធ្វើទារុណកម្មបង្ខំឲ្យឆ្លើយសារភាពពីសកម្មភាពក្បត់ដែលជាប់ទាក់ទងជាមួយ សេអ៊ីអា កាហ្សេបេ ឬ ខ្សែវៀតណាម។ ​បន្ទាប់ពីសួរចម្លើយរួច អ្នកទោសត្រូវបានបញ្ជូនទៅកាន់បឹងជើងឯកដើម្បីសម្លាប់។ ក្នុងចំណោមអ្នកទោសទាំងអស់ ដែលត្រូវបានបញ្ជូនទៅគុកទួលស្លែងមានតែអ្មកទោស១២នាក់ប៉ុណ្ណោះ ដែលបានរួចផុតជីវិតពីការសម្លាប់។ គុកទួលស្លែង ត្រូវបានប្រែក្លាយជា “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ចាប់តាំងពីឆ្នាំ១៩៨០មកដល់ពេលបច្ចុប្បន្ននេះ។

រូបគំនូរគូរដោយ ប៊ូ ម៉េង ដែលជាអ្នករស់រានមានជីវិតពីមន្ទីរ ស-២១ ដោយសារគាត់អាចគូររូបបាន។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

(សម្រាប់ព័ត៌មានបន្ថែម សូមមើល សៀរភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ជំពូក​៩)
វីដេអូ៖ ក្រឡេកមើលខាងក្នុងនៃគុកទួលស្លែង (មន្ទីរ ស-២១)


វីដេអូ៖ អតីតកងសន្តិសុខទួលស្លែង ហ៊ឹម ហ៊ុយ និយាយពីការដឹកជញ្ជូនអ្នកទោសទៅកាន់បឹងជើងឯក

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

និមិត្តរូបរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា​ (FUNSK)នៅអតីតទីស្នាក់កណ្ដាលរបស់ខ្លួននៅទីក្រុងភ្នំពេញ
(ចំណងជើងរូបថតៈ Xufanc)

ជាអង្គភាពយោធា និងនយោបាយ ដែលនៅពីក្រោយការរំដោះរបស់វៀតណាម។ រណសិរ្សនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៨ លើទឹកដីដែលជាអតីតតំបន់រំដោះខ្មែរក្រហមក្នុងខេត្តក្រចេះ ដោយជនកុម្មុ- និស្ដ និងកងកម្លាំងខ្មែរក្រហម ដែលមិនពេញចិត្តចំពោះនយោបាយ និងជំហរដាច់ខាតរបស់ ប៉ុល ពត ក្នុងការប្រឆាំងជាមួយវៀតណាម។ មេដឹកនាំដំបូងនៃរណសិរ្សនេះគឺសមមិត្ត ហេង សំរិន។ ក្រោយមក សមមិត្តហេង សំរិន បានក្លាយជាមេដឹកនាំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានប្រទេសវៀតណាមធ្វើជាខ្នងបង្អែក។